Wednesday, February 13, 2019

បាក់ធ្លាក់ពិតាលដំបូលរោងចក្ររងរបួសកម្មការិនី ១៧នាក់ ផ្អើលរត់ជាន់ជើងគ្នាទាំងព្រឹក

កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ កម្មការិនី​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ អាកា​ស​សិត ហ្គា​មេន​ចំនួន១៧នាក់​បាន​រង​របួ​ស​ ក្នុង​ហេតុការណ៍​បាក់​ធ្លាក់​ពិ​តាន​ដំបូល​រោង​ចក្រ​សង្កត់​ពីលើ ពេល​កំពុង​បំពេញ​ការ​ងារ បង្ក​ឱ្យមានការរ​ភ្ញាក់​ផ្អើល​រត់​ជាន់​ជើងគ្នា​ទាំងព្រឹក។

មូលហេតុគឺដោយសារ​ឆ្អឹង​ដែក​ពិ​តាន​ចងខ្សែ​លួសពុក​ផុយ ហើយ​​មាន​ព្យួរ​កង្ហារ​ធ្ងន់​ទៀត ទើប​ដាច់​ខ្សែ​លួស​បាក់​ធ្លាក់​​លើ​កម្ម​ការិនី​ដែល​កំពុង​ធ្វើការ។
យោងទៅតាមលោក ប៉ាវ ស៊ីណា ប្រធាន​សហ​ភាព​ចលនា​កម្មករ​កម្ពុជា​លើកឡើងថា ភាគី​ពាក់ព័ន្ធ​ត្រូវតាម​ដាន ​ពិនិត្យ​ស្ដង់ដារ និង​គុណភាព​អគារ​រោងចក្រ​ទាំងអស់​នៅ​កម្ពុជា ដើម្បីកុំឲ្យមាន​ករណី​ធ្លាក់ឬ​បាក់​ជា​បន្តបន្ទាប់​ទៀត។
គួរបញ្ជាក់ថា រោង​ចក្រ អាកា​ស​សិត​ហ្គា​មេន (ACCASTTE GAR​M​ENT Co,. Ltd) មានទីតាំងស្ថិត​នៅ​សួន​ឧស្សា​ហកម្ម​វឌ្ឍនៈ ២ ក្នុង​សង្កាត់​​ក្រាំង​ពង្រ ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំ​ពេញ៕

ប្រភព៖ សម្ព័ន្ធសហជីពចលនាកម្មករ

Thursday, January 10, 2019

ប្រទេសជប៉ុនត្រូវការកម្លាំងពលកម្មបន្ថែមទៀតពីកម្ពុជា ក្នុងឆ្នាំ២០១៩

ឧស្សាហកម្មជប៉ុននឹងមានតំវូវការកម្លាំងពលកម្មបន្ថែមទៀត ពីប្រទេសជាដៃគូក្នុងការបញ្ជូលពលករ ក្នុងនោះកម្ពុជាក៏ជាដៃគូមួយដែរមានពលករ ពលការិនីទៅធ្វើការនៅប្រទេសជប៉ុនច្រើនផងដែរ។ ក្នុងជំនួបកិច្ចពិភាក្សាការងារជាមួយនឹងមន្រ្តីតំណាងពីប្រទេសជប៉ុន ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា នៅពេលខាងមុខនឹងមានក្រុមហ៊ុនជប៉ុនបើកជាបន្តបន្ទាប់ ដើម្បីបណ្តុះបណ្តាល និងងាយស្រួលបញ្ជូនកម្មសិក្សាការីពីកម្ពុជាទៅជប៉ុន ខណៈដែលរដ្ឋាភិបាលជប៉ុនបានកែប្រែច្បាប់ថ្មី។


ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រុមហ៊ុនខាងលើ គឺជាក្រុមហ៊ុនចម្រុះខាងផ្នែកឧស្សាហកម្ម និងផ្នែកសេវា បច្ចុប្បន្នក្រុមហ៊ុននេះបានគ្រប់គ្រងបុគ្គលិកប្រមាណ០២ម៉ឺននាក់នៅជប៉ុន ដែលត្រូវការកម្លាំងបន្ថែមទៀត។ ប្រទេសជប៉ុនបានចាប់ផ្តើមរៀបចំបង្កើតឱ្យមានគម្រោងថ្មី សម្រាប់បង្កើនលំហូរនៃកម្លាំងពលកម្មពីប្រទេសផ្សេងៗ និងសម្រាប់អនុវត្តនូវកំឡុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាកខ្វះកម្លាំងពលកម្មជំនាញនៅប្រទេសជប៉ុន៕

ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ  

មិនធម្មតា! កម្ពុជាមានពលករធ្វើការនៅជប៉ុនឈរលំដាប់លេខរៀងទី ....

កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោក មីគី វ៉ាត់ណាបេ (Miki Watanabe) ប្រធាន គណៈកម្មាធិការអចិន្រៃ្តយ៍កិច្ចការបរទេស និងការពារជាតិជប៉ុន។ ខណៈពេលដែលជប៉ុនបាននឹងកំពុងរៀបចំឱ្យមានសេចក្តីព្រាង និងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយបណ្តាប្រទេសបញ្ជូនពលករទាំងអស់ ដែលបានអនុញ្ញាតឱ្យបញ្ជូលទាំងកម្មសិក្សាការីបច្ចេកទេស និងអ្នកធ្វើការជំនាញបច្ចេកទេស ទៅប្រទេសជប៉ុន។


ក្នុងនោះកំណើនពលករកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុនមានការកើនឡើងជាលំដាប់ជាមួយនឹងទំនុកចិត្ត និងលក្ខខណ្ឌការងារសមរម្យ។ សូមបញ្ជាក់ថា នៅក្នុងចំណោមជាដៃគូប្រទេសជប៉ុនដែលបញ្ជូនពលករទៅធ្វើការ ក្នុងនោះមានចំនួន១៥ប្រទេស ហើយចំនួនដែលបានបញ្ជូនទៅពីលេខ១ រហូតដល់១៥ កម្ពុជាឈរលើលេខរៀងទី៧​ ដែលមានពលករ ពលការិនីប្រមាណជិត ១ម៉ឺន​នាក់ កំពុងធ្វើការ៕ 

ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ 

Monday, January 7, 2019

ប.ស.ស ចំណាយជាង ៦.៥លានដុល្លា លើការសម្រាល់កូនរបស់កម្មការិនី ក្នុងឆ្នាំ២០១៨

ក្នុងឆ្នាំ ២០១៨នេះ បេឡាជាតិរបបសន្តិសុខសង្គមឬ ប.ស.ស​  បានចំណាយប្រាក់ប្រមាណ ២៦ពាន់លានរៀល​ ស្មើប្រមាណ ៦,៥លានដុល្លារ ជាការចំណាយផ្តល់ជូនស្រ្តីជាកម្មការិនី ដែលបានឆ្លងទន្លេចំនួន ៦ម៉ឺន ៥ពាន់នាក់។
នេះបើតាមការលើកឡើងរបស់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម ថ្លែងបញ្ជាក់ក្នុងពិធីប្រគល់និងទទួលប័ណ្ណសមាជិក ប.ស.ស ចំនួន ២០៨៩ ប័ណ្ណ ជូនដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃក្រសួងយុត្តិធម៌ កាលពីថ្ងៃទី០២ ខែមករា ម្សិលមិញ។ លោកបន្តថា បច្ចុប្បន្ននេះ ប.ស.ស បានចុះបញ្ជីសហគ្រាសចំនួន ២៣ ១៨៣ សហគ្រាស និងកម្មករនិយោជិតសរុបចំនួន ១៣ម៉ឺននាក់។


តាមទិន្នន័យរបស់ បេឡាជាតិរបបសន្តិសុខសង្គម​ស្តីពីចំនួនកម្មការិនីសម្រាលកូនឆ្នាំ ២០១៨ បង្ហាញថា ចំនួនកម្មការិនីសម្រាលកូនមានចំនួន ៦៥ ០៥៤ នាក់ សម្រាលកូនបានចំនួន ៦៥ ៥៣៤នាក់ ក្នុងនោះសម្រាលបានកូនភ្លោះពីរចំនួន ៤៧០ នាក់ និងកូនភ្លោះបីចំនួន ៥នាក់។  

សម្រាប់កម្មការិនី និងមន្រ្តីរាជការដែលជាសមាជិក ប.ស.ស ពេលមានផ្ទៃពោះ នឹងទទួលបានអត្ថប្រយោជន៏ដូចជា ទទួលសេវាពិនិត្យសុខភាពមុន និងក្រោយពេលសម្រាល នៅតាមមន្ទីរពេទ្យជាដៃគូរបស់ ប.ស.ស ដោយឥតគិតថ្លៃ។ ទទួលបានការសម្រាលកូននៅតាមមន្ទីរដែលជាដៃគូរបស់ ប.ស.ស ដោយឥតគិតថ្លៃ។ បន្ថែមក៏ទទួលបានថវិកាចំនួន ៤សែនរៀល សម្រាប់កូនម្នាក់, ៨សែនរៀលសម្រាប់កូនភ្លោះ និង ១លាន ២សែន សំរាប់កូនភ្លោះបីនាក់  និងប្រាក់ឧបត្ថម្ភពិសេសបន្ថែមចំនួន ៥លានរៀល។

ប្រភព៖ មណ្ឌលព័ត៌មានស្រ្តីកម្ពុជា 

Saturday, January 5, 2019

៣ គន្លឹះអាចជួយអ្នកធ្វើការនៅក្រៅប្រទេសមានសុវត្ថិភាព


ចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់នៅតែជាបញ្ហាប្រឈមសម្រាប់ប្រជាជនខ្មែរ ខណៈពេលដែរពលរដ្ឋខ្មែរត្រូវបានរងនូវការទៅជួញដូរ និងការកេងប្រវ័ញ្ចកម្លាំងពលកម្មពីការចំណាកស្រុកខុសច្បាប់នោះ បន្ថែមពីនោះកង្វះខាតព័ត៌មានមុនពេលសម្រេចចិត្តធ្វើចំណាកស្រុកក៏ជាផ្នែកមួយ ដែលធ្វើឲ្យពលករខ្មែរសម្រេចចិត្តមិនបានត្រឹមត្រូវ។

ខាងក្រោមនេះគឺជាគន្លឹះ ដែលអាចជួយអ្នកធ្វើការចំណាកស្រុកបានដោយសុវត្តិភាព៖

១. លិខិតឆ្លងដែន
អ្នកត្រូវប្រាកដថា អ្នកមានលិខិតឆ្លងដែន​ ដែរមានសុពលភាពត្រឹមត្រូវសម្រាប់ការអនុញ្ញាតឆ្លងដែនទៅក្រៅប្រទេស។ អ្នកអាចធ្វើលិខិឆ្លងដែនបានដោយខ្លួនឯង ឬតាមរយៈក្រុមហ៊ុនជ្រើសរើសពលករស្របច្បាប់ សម្រាប់តម្លៃលិខិឆ្លងដែនគឺចន្លោះពី ១០០ដុល្លា ទៅ ១៥០ដុល្លា ទៅតាមសេវាកម្មនៃលិខិតឆ្លងដែន។


២. ជ្រើសរើសក្រុមហ៊ុនជ្រើសរើសពលករដែលស្របច្បាប់
មុននឹងសម្រេចចិត្ត​ស្វែករកក្រុមហ៊ុនជ្រើសរើសពលករសម្រាប់ទៅធ្វើការនៅក្រៅប្រទេស អ្នកត្រូវដឹងថាក្រុមហ៊ុននោះមានសិទ្ធអនុញ្ញាតស្របច្បាប់ដែល ឬទេ!​ ដើម្បីដឹងថាក្រុមហ៊ុននោះស្របច្បាប់ អ្នកអាចចូលទៅក្នុងទំព័រហ្វេសបុករបស់ក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីមើលតារាងបញ្ជីឈ្មោះក្រុមហ៊ុន ដែលចុះបញ្ជីត្រឹមត្រូវជាមួយក្រសួង។


៣. សួរយោបល់ពីអជ្ញាធរ ឬបណ្តាអង្គការនានា
អ្វីដែលអ្នកគួរធ្វើដើម្បីជួយដល់ការសម្រេចចិត្តបានត្រឹមត្រូវ អ្នកអាចសុំការណែនាំ និងលេខទំនាក់ទំនងពេលមានអាសន្នពីអជ្ញាធរមូលដ្ឋាន ឬបណ្តាអង្គការដូចជា គម្រោងអ៊ីស្សារ៉ា ទូរស័ព្ទលេខ +66 86 968 6085, អ្នកក៍អាចផ្ញើជាសំណួរមកកាន់ហ្វេសបុកផេក ព័ត៌មានពលករខ្មែរ ផងដែរ។